មិនត្រឹមលុបចោលទិដ្ឋាការ! កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរបន្ថែម
ទេសចរណ៍ January 17, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងពត៌មាន បានឱ្យដឹងថា កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់រវាងគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងចំនួនភ្ញៀវទេសចរបន្ថែម ខណៈវិស័យទេសចរណ៍គឺជាប្រភពចំណូលសំខាន់ក្នុង GDP សរុបរបស់ប្រទេសនេះ ប្រមាណ២៨ភាគរយ ហើយពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូលមានប្រមាណ៩០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស)។

ក្នុងឱកាសអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជា-ម៉ាល់ឌីវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ ដោយផ្ដើមចេញពីកិច្ចការ ៦ចំណុច ក្នុងនោះមានការជំរុញឱ្យមានជើង ហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬត្រីកោណ ឬជាការហោះហើរមិនប្រចាំថ្ងៃ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើឱ្យកាន់តែល្អប្រសើរ ជាពិសេសការលើក លែងទិដ្ឋាការចំនួន៣០ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ដែលនឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ នៃប្រទេស ទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។

ឯកឧត្តមបានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យសិក្សាលទ្ធភាពបង្កើតឱ្យមានក្របខ័ណ្ឌ «ទិដ្ឋាការតែមួយ គោលដៅពីរ» រវាងកម្ពុជា និងម៉ាល់ឌីវ ពិតជាកាលានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមក សម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍ បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។

គួររំលឹកដែរថា កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នា តាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូត ប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មាន កម្រិតទាបនៅឡើយ។ ម៉ាល់ឌីវ ជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតី អាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខរដ្ឋាភិបាលផង។ នៅមុនឆ្នាំ១៩៧០ សេដ្ឋកិច្ចសំខាន់របស់ប្រទេសនេះ គឺកសិកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺទេសចរណ៍ ដោយវិស័យនេះ គឺជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេស ដល់ទៅ ២៨ ភាគរយ ប៉ុន្តែចំណូលរបស់រដ្ឋាភិបាល ពោលគឺដល់ទៅ ៩០ភាគរយ គឺបានមកពីពន្ធទាក់ទង នឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូល។ ម៉ាល់ឌីវជាប្រទេស តូច ប្រជាជនតិច ប៉ុន្តែអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺមានរហូតដល់ ទៅ ១១,៣៨ ពាន់លានដុល្លារ ពោលគឺលំដាប់ទី១៦២ នៅលើពិភពលោក តែប្រសិនបើ និយាយអំពី អត្រាផលិតផលនៅក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗគឺ ២៩ ០០០ដុល្លារ នៅក្នុងមួយឆ្នាំ ពោលគឺលំដាប់ទី ៦២ នៅលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន