រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា អង្ករកម្ពុជានឹងទទួលបានការពេញនិយម​សម្រាប់​ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរផង
សេដ្ឋកិច្ច January 17, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូស​បញ្ជាក់​ថា អង្ករកម្ពុជា គឺស្ថិតនៅក្នុងប្រភេទអង្ករដែលជាប់លេខ ១នៅលើពិភពលោកចំនួន ៥​ដង​រួចមកហើយ ដែលឥឡូវកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១នៅឡើយ​ និងសង្ឃឹមថា ​អង្ករនេះ​នឹងទទួលបាននូវការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវ​ផង​និងសម្រាប់អ្នកទេសចរ​ដែល​​មកទស្សនកិច្ចនៅទីនេះផង ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) នាព្រឹកថ្ងៃទី ១៦ ខែមករា ២០២៣ នៅវិមានរដ្ឋាភិបាលនៃប្រទេស ម៉ាល់ឌីវ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដោយសារអង្ករកម្ពុជាគឺស្ថិតនៅក្នុងប្រភេទ​អង្ករដែលជាប់លេខ ១ នៅលើពិភពលោកចំនួន ៥ដង ហើយឥឡូវកំពុងស្ថិតនៅចំណាត់ ថ្នាក់​លេខ១ នៅឡើយ ហើយសង្ឃឹមថាអង្ករនេះនឹងទទួលបាននូវការពេញនិយម សម្រាប់​ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរដែលមកទស្សនកិច្ចនៅទីនេះ»។

សម្ដេចតេជោលើកឡើងថា ក្រៅពីអង្ករ កម្ពុជាក៏ផលិតផលកសិកម្មផ្សេងទៀត​ដូច​ជាស្វាយចន្ទី ចេក និងស្វាយ ជាដើម ដែលអាចនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវ​ដើម្បី​បំពេញតម្រូវការសម្រាប់ប្រជាជន ម៉ាល់ឌីវផង និងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍​នៅ​ប្រទេសម៉ាល់ឌីវផង។ សម្ដេចតេជោសង្ឃឹមថា ក្រៅពីនោះ កម្ពុជានៅមានសម្លៀកបំពាក់ កម្ពុជាជាប្រទេស​ដែល​ផលិតសម្លៀកបំពាក់ដែលម៉ាល់ឌីវ អាចទទួលបាននូវការបញ្ជា​ទិញ​ពីកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន