ប្រជាជនហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេសនាំគ្នាទិញខ្ទឹមបារាំងផ្ញើអ្នកផ្ទះ​រាប់គីឡូ ដោយសារនៅហ្វីលីពីនខ្ទឹមបារាំងមានតម្លៃថ្លៃជាងសាច់គោ ជ្រូក និងមាន់
សេដ្ឋកិច្ច January 16, 2023 Khmernote

ថ្មីៗនេះប្រជាជនហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេសនាំគ្នាទិញខ្ទឹមបារាំងផ្ញើអ្នកផ្ទះ​រាប់គីឡូ នៅពេលត្រឡប់មកលេងគ្រួសារក្នុងរដូវវិស្សមកាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark។ សារព័ត៌មានដដែលបានឱ្យដឹងថា ​មូលហេតុ​ដែលប្រជាជន​ហ្វីលីពីន​ហោះ​ទៅ​ផ្ទះ​ជាមួយ​វ៉ាលី​ដែល​ពោរពេញ​ដោយ​ខ្ទឹមបារាំងនោះ គឺដោយសារតម្លៃ​ខ្ទឹមបារាំង​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​រងគ្រោះ​ដោយ​អតិផរណា។ ឥឡូវនេះ ខ្ទឹមបារាំងអាចមានតម្លៃថ្លៃជាងសាច់គោ និងសាច់ជ្រូករហូតដល់ ២៥% ទៅ ៥០% ហើយថ្លៃជាងតម្លៃសាច់មាន់ ៣ដង។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ ខ្ទឹមបារាំងមួយគីឡូក្រាមដែលដាក់លក់នៅផ្សារទំនើបឌូបៃមានតម្លៃតែ ០.៥៤ដុល្លារ តែនៅផ្សារក្នុងប្រទេសហ្វីលីពីនមានតម្លៃដល់ទៅខ្ទង់ ១១ដុល្លារ។ នេះគឺខ្ពស់ជាងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមារបស់ប្រទេសហ្វីលីពីនទៅទៀត។ ដូច្នេះហើយ Jaze ស្ត្រីហ្វីលីពីនដែលធ្វើការនៅទីក្រុងឌូបៃ បានខ្ចប់ខ្ទឹមបារាំងដល់ទៅ ១០ គីឡូក្រាមនៅក្នុងវ៉ាលីរបស់នាងជាអំណោយដល់ផ្ទះ។ ទន្ទឹមនឹងនេះ កាលពីខែមុន Dina Gacula Odo ដែលធ្វើការនៅឌូបៃដូចគ្នាបានយកខ្ទឹមបារាំង ៤គីឡូក្រាម នៅពេលនាងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនវិញ។ បើតាម Odo ការដាក់ខ្ទឹមបារាំងនៅក្នុងវ៉ាលីបានក្លាយជារឿងធម្មតារបស់ប្រជាជនហ្វីលីពីនទៅហើយ។

គួរឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ដែលជាលេខាធិការនៃនាយកដ្ឋានកសិកម្មហ្វីលីពីន (DA) ផងដែរនោះ បានបង្ហាញផែនការនាំចូលខ្ទឹមបារាំងចំនួន ២១,០៦០ តោន ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក។ ខណៈដែលប្រទេសនេះត្រូវបានគេរាយការណ៍ថា ប្រើប្រាស់ខ្ទឹមបារាំងប្រហែល ១៧,០០០ តោនក្នុងមួយខែ៕

អត្ថបទ៖ លីនី
ប្រភព៖ nextshark