វិស័យពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៥២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ខណៈការនាំចេញទំនិញស្ទុះហក់ឡើងជាង ១៦%
សេដ្ឋកិច្ច January 12, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ១៦ភាគរយ។

យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប ៥២ពាន់លានដុល្លារ កើនឡើង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៤៨ពាន់លានដុល្លារ។

ទិន្នន័យខាងលើបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ ពីចំនួន ១៩,៣ ពាន់លានដុល្លារ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយ ពីចំនួន ២៨,៧ពាន់លានដុល្លារ។

បើយោងតាមទិន្នន័យខាងលើ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០២២ គឺមានឱនភាពប្រមាណ ៧,៤ពាន់លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង សម្ភារធ្វើពីស្បែកសត្វ យានក្រៅពីអយស្ម័យយាន គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ រួមនឹងផលិតផលផ្សេងទៀត ដូចជាផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌកែច្នៃផ្សេងៗជាដើម។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងថា ការកើនឡើងនូវការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានេះ ដោយសារតែកម្ពុជាបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលតាមរយៈទីផ្សារទាំង១៥ ប្រទេសជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើនពីកម្ពុជា ក្រោមអត្រាពន្ធទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន៕

ប្រភព៖ ក្រសួងព័ត៌មាន