ក្រុមហ៊ុនជប៉ុនមួយ បង្ហាញបំណងជួយកែលម្អផ្លូវរថភ្លើងនៅក្នុងខេត្ត បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត
សេដ្ឋកិច្ច January 11, 2023 Khmernote

ក្រុមហ៊ុន NIPPON KOEI ដែលជា​អង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានបង្ហាញបំណង ក្នុងការកែលម្អផ្លូវរថភ្លើងនៅភាគខាងជើងនៃប្រទេសកម្ពុជា។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធពីអង្គភាពជំនាញផងដែរ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែល បានធ្វើបទបង្ហាញលើគម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើងភាគខាងជើងដែលមានស្រាប់ ហើយឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ ជាពិសេសការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារJICAបានសិក្សារួចកន្លងមក៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន