ល្អមែនទែន! ជប៉ុន ជួយបណ្តុះបណ្តាលវិក្រឹត្យការអ្នកជំនាញស្ប៉ា-ម៉ាស្សាកម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន
សេដ្ឋកិច្ច January 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ានិងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

គួរជម្រាបថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានបន្តវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។

ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប តាមប្រព័ន្ធអនឡាញ (Zoom)។

ឯកឧត្ដម ប៉ាក់ សុខុម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាអោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។

លោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ាម៉ាស្សា ដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញ ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក៏ដូចជារង់ចាំស្វាគមន៍ទេសចរជប៉ុនឡើងវិញផងដែរ ព្រោះថាទេសចរជប៉ុនចូលចិត្តសេវាកម្មម៉ាស្សានេះ។

លោក Kunihiko Hirabayashi បានបន្តថា «ជំនាញស្ប៉ាម៉ាស្សានេះទាមទារឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព»។

ឯកឧត្ដមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗពីគ្រូឧទ្ទេសដែលមានជំនាញច្បាស់លាស់យកទៅអនុវត្តបន្តនៅកន្លែងអាជីវកម្ម និងការងាររៀងៗខ្លួន។
សូមរំលឹកថា បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ ៣២ ក្នុងផ្នែសេវាកម្មសណ្នាគារ និង សេវាកម្មធ្វើដំណើរ តាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។ អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា ៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមាមជំនាញ ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់៕

ប្រភព៖ ក្រសួងទេសចរណ៍