រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីទស្សនទាន ចំពោះការផលិតផលកសិកម្មក្នុងស្រុក និងធានាតម្លៃមិនឱ្យកើន ឬធ្លាក់ចុះ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកទទួលទាន
សេដ្ឋកិច្ច January 5, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់គាំទ្រ ចំពោះការធ្វើផលិតផលកសិកម្មក្នុងស្រុក និងធានាតម្លៃមិនឱ្យកើន ឬធ្លាក់ចុះ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកទទួលទាន។​ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នា ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកបង្ហាញពីទស្សនទានក្នុងវិស័យកសិកម្ម ដោយក្នុងនោះ ឯកឧត្តមបានបញ្ជាក់ពីទស្សនទានលើការគាំទ្រផលិតផល កសិកម្មក្នុងស្រុក ដោយធានាតម្លៃមិនឱ្យកើនឡើង ឬធ្លាក់ចុះ។​

ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា «ទស្សនទានរបស់ក្រសួងកសិកម្មគឺត្រូវ បែងចែកភោគផលស្មើៗគ្នាទាំងអ្នកទទួលទាន អ្នកផលិតនិងអ្នកចែកចាយ។ ការធានា បានស្ថិរភាពថ្លៃផលិតផល គឺដើម្បីកុំឱ្យប៉ះពាល់ទាំងអ្នកផលិត និងអ្នកទទួលទាន»។​

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកពីទស្សនវិស័យលើខ្សែសង្វាក់ការនាំ ចេញ ផលិតផលកសិកម្មកម្ពុជា ដោយជំរុញលើការផលិតផលិតផលណាដែល មានគុណភាពខ្ពស់ មានតម្លៃបន្ថែមខ្ពស់ដល់កសិករ។​

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងកសិកម្មមើលឃើញថា ការផលិតទ្រង់ ទ្រាយធំមានតម្លៃថោក មិនមែនសក្ដានុពលរបស់កម្ពុជានោះទេ។ ដើម្បីប្រកួតប្រជែង ប្រទេសផ្សេងៗ យើងត្រូវជំរុញផលិតផលិតផលជាគន្លឹះ។ ខ្ញុំសុំលើកយកបទពិសោធន៍ ជោគជ័យលើម្រេចកំពត ដើម្បីយកទៅអនុវត្តន៍ទៅលើផលិតផលផ្សេងៗទៀតដែល មានសក្ដានុពលរបស់កម្ពុជា។

​ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញបន្ថែម ទៅលើការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម របស់ប្រជា កសិករកម្ពុជា។​

ឯកឧត្តមបន្ថែមថា សម្រាប់នាពេលខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដើរតួជាអ្នកសម្របសម្រួលនូវគ្រប់តួអង្គទាំងអស់ នៅក្នុងខ្សែសង្វាក់ ផលិតកម្ម និងតួអង្គនានា ក្នុងជួររាជរដ្ឋាភិបាលផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាទីផ្សារ ផលិតផលកសិកម្មវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។​ឯកឧត្តមលើកឡើងថា «ចឹងបានជាការងារដែលពាក់ព័ន្ធជាមួយនឹងទីផ្សារ ខ្ញុំនឹងធ្វើការងារជិតស្និទ្ធ ជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរុញបន្ថែមទៀត នូវលទ្ធភាពក្នុងការផ្សព្វផ្សាយ និងបើកទីផ្សារ តាមរយៈយន្ដការផ្សេងៗ រួមទាំងយន្ដការបើក ទីផ្សារសេរីផងដែរ»៕

ប្រភព៖ ក្រសួងព័ត៌មាន