គម្រោងរោងចក្រ៤កន្លែង នៅក្រុងព្រះសីហនុ, រាជធានីភ្នំពេញ បង្កើតឱកាសការងារបានរហូតដល់ទៅជាង៧០០កន្លែង
សេដ្ឋកិច្ច December 27, 2022 Naren

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈថា គម្រោងវិនិយោគ៤កន្លែងទៀត ដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៦,៣លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងក្រុងព្រះសីហនុ, រាជធានីភ្នំពេញ ជារោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ, រោងចក្រផលិតថង់ប្លាស្ទិក, រោងចក្រផលិតផលិតផលធ្វើពីក្រដាស និងរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ គម្រោងដែលបានអនុម័តថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន៧៤០កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
២- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៣- “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។
៤- “VP PRINTING AND PACKAGING CO., LTD.” គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់។