(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធី សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចិន បានជួយកម្ពុជា ក្នុងកសាងហេដ្ឋារចនាសម័្ពន្ធចាំបាច់ជាច្រើន ដោយចំណាយថវិកាជិត២ពាន់លានដុល្លារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា «មកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវដល់ប្រទេសកម្ពុជាយើងចំនួន៣០ខ្សែ ដែលស្មើនឹងប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយថវិកាជិត២ពាន់លានដុល្លារ។ ក្នុងនោះមានផ្លូវកំពុងសាងសង់ជាច្រើនខ្សែទៀត តម្លៃប្រមាណ៥០០លានដុល្លារ ហើយ ចំពោះស្ពាននៅក្នុងប្រទេសកម្ពុជាវិញ ដែលមិត្តចិនបានសាងសង់ និងកំពុងសាងសង់មានចំនួន៩ខ្សែផងដែរសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នាពេលកន្លងមកនេះគឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជាទៅកាន់ទីផ្សាបរទេស។ បច្ចុប្បន្ននេះ ទំនិញផលិតផល និងកសិផលរបស់កម្ពុជាមួយចំនួនកំពុងត្រូវបានធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិនរួចទៅហើយ និងកំពុងត្រៀមរៀបចំនាំចេញមួយចំនួនទៀតនៅពេលបន្ទាប់៕



