កម្ពុជា​ រកចំណូលបាន ៤៦៥​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ ​ក្នុង​រយៈពេល១១​ខែ
សេដ្ឋកិច្ច December 20, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជារកចំណូលបាន ៤៦៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃចន្ទ។

ប្រភពបានឱ្យដឹងថា កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ បានកើនឡើងចំនួន ៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ថ្លែង​ក្នុង​របាយការណ៍ថា «តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ ១,២៣១ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន»។

កម្ពុជានាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ របាយ​ការណ៍​បាន​បន្ថែម​ថាផ្ទៃដីកៅស៊ូកម្ពុជាសរុបមានចំនួន ៤០៤,៥៧៨ហិកតា៕

ប្រភព៖ AFP/ ក្រសួងព័ត៌មាន