ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក
សេដ្ឋកិច្ច December 15, 2022 Naren

(ភ្នំពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានការតែងតាំងថ្មីក្នុងបេសកកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់អតីតឯកអគ្គរដ្ឋទូតអ៊ីតាលីកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញនិងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។
បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះគុណភាពអង្កររបស់កម្ពុជា ដែលជាប់ជាអង្ករល្អ បំផុតក្នុងវេទិកាស្រូវអង្ករពិភពលោកប្រចាំឆ្នាំ ២០២២ ដែលបានរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ។ ឯកឧត្តម ក៏បានជម្រាបជូនអំពីបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ និងអញ្ជើញកម្ពុជាចូលរួមក្នុងពិព័រណ៍ផលិតផលគ្រឿងសម្អាងនៅឆ្នាំក្រោយ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ជូនថាក្រសួងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្របសម្រួលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ចនៅកម្ពុជានិងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគិនអ៊ីតាលីនៅកម្ពុជានាពេលខាងមុខ និងបានជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មការទូត។

សូមគូសបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត៕