រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបង់ពន្ធនិងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចនៅតាមបណ្ដាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចឱ្យបានជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករត្រូវបានពន្យារ ពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
គិតមកដល់ពេលនេះ អគរ សង្កេតឃើញថាម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោម ផ្លាកលេខផ្សេងៗភាគច្រើនលើសលុប បានចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាកររួចរាល់ ប៉ុន្តែ ម្ចាស់រថយន្ត ចង្កូតស្តាំដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយ។
ក្នុងន័យនេះ អគរ សូមរំលឹកជាលើកចុងក្រោយថា ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច តាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ សូមម្ចាស់រថយន្តចង្កូតស្តាំដែល បានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនិងអាករ ប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅ តាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានមុនការ កំណត់ដូចបានជម្រាបជូនខាងលើជាកំហិត។
រថយន្តគ្រប់ប្រភេទ រួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយមិនទាន់បំពេញកាតព្វកិច្ចពន្ធនិងអាករ ត្រឹមឱសានវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងលើនឹងត្រូវបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោល តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ជាពិសេសម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise


