រាជរដ្ឋាភិបាលកម្ពុជា មិនឱ្យមាន ការដំឡើងថ្លៃអគ្គិសនី ដើម្បីទប់ទល់ជាមួយការខាតបង់នោះទេ
សេដ្ឋកិច្ច December 13, 2022 Nuch

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនឱ្យមានការដំឡើងថ្លៃអគ្គិសនី ដើម្បីទប់ទល់ជាមួយការខាតបង់នោះទេ ខណៈដែលការខាតបង់នេះដោយសារការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ធ្យូងថ្ម និងហ្គាស ដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់បច្ចឹមប្រទេសប្រឆំាងនឹងរុស្ស៊ី។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឡើងចុះ ធ្វើឱ្យប៉ះពាល់ដល់សកលលោកទាំងមូល និងកម្ពុជាផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ការកើនឡើងថ្លៃប្រេងនេះ រាជរដ្ឋាភិបាល បានចេញខាតឱ្យអគ្គិសនីកម្ពុជា ដើម្បីទប់ទល់មិនឱ្យមាន ដំឡើងថ្លៃអគ្គិសនី។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលដំឡើងថ្លៃអគ្គិសនីនោះ នឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទាំងជីវភាពប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃ ហើយអ្វីដែលកាន់តែធ្ងន់ទៀតនោះ រោងចក្រនានាត្រូវចំណាយកាន់តែខ្លាំងទៅលើថ្លៃភ្លើងនេះ។

សម្តេចតេជោ ក៏បានណែនាំផងដែរទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការដំឡើងថ្លៃប្រេងនៅកម្ពុជា។ បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះ គឺដើម្បីចៀសវាងការឆ្លៀតឱកាសលួចដំឡើងថ្លៃ។

សំឡេង « ខ្ញុំសូមជម្រាបថា រាជរដ្ឋាភិបាលអត់អនុញ្ញាតឱ្យដំឡើងថ្លៃភ្លើង ដើម្បីទប់ទល់ជាមួយការខាតបង់នោះទេ ព្រោះបើហ៊ានដំឡើងថ្លៃគឺគ្រោះថ្នាក់ខ្លាំងណាស់ ទាំងជីវភាពប្រជាជនដែលកំពុងតែមានចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃឬកាន់តែធ្ងន់ រោងចក្រនានាត្រូវចំណាយកាន់តែខ្លាំងទៅលើភ្លើង ដូច្នេះបានជាខ្ញុំនិយាយហើយនិយាយទៀត ជាមួយអគ្គិសនីកម្ពុជានិងក្រសួង រ៉ែនិងថាមពល សូមឱ្យរក្សាតម្លៃអគ្គិសនី។ ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល អត់មានឱ្យអ្នកឯងដំឡើងថ្លៃប្រេងតាមអំពើចិត្តនោះទេ។ លើកនេះរាជរដ្ឋាភិបាលបើទោះបីសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអ៊ីចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាដំឡើង »៕

ប្រភព៖ ក្រសួងព័ត៌មាន