(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ ។
លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយ នៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន របស់រាជរដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព»។
អនុវិស័យជលផល គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។
គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វាដល់បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។
គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២០,០០០គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២០០,០០០នាក់។
ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួន របស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕


