ក្រុមហ៊ុន Apple មានគម្រោងប្តូរទីតាំងដំឡើងទូរស័ព្ទពីប្រទេសចិនទៅកាន់ប្រទេសថៃ
សេដ្ឋកិច្ច December 7, 2022 Khmernote

ថៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ត្រូវបានបណ្តាញសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ដោយដកចេញពីប្រទេសចិន និងយកទៅដាក់នៅក្នុងប្រទេសថៃវិញម្តង។ គម្រោងផ្លាស់ប្តូរដ៏ធំមួយនេះបានកើតមានឡើងក្រោយចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនហាក់កំពុងមានបញ្ហារាំងស្ទះយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនមិនទាចទទួលបានផលិតផលស្របតាមការកំណត់ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។

គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Apple មានទីតាំងដំឡើងទូរស័ព្ទ iPhone នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីមានដូចជា ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសវៀតណាម។ យ៉ាងណាក្តី ចំពោះទីតាំងដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ក៏ព្រោះថាអាជ្ញាធរចិននៅតែបន្តអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ពោលគឺសម្រេចបិទខ្ទប់ទីក្រុងនិងតំបន់ជាច្រើនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានទីតាំងដែលជាប្រភពដ៏ធំបំផុតសម្រាប់ដំឡើងទូរស័ព្ទ iPhone ផងដែរ។

សូមបញ្ជាក់ផងដែរថា វិធានការដ៏តឹងរឹងរបស់អាជ្ញាធរបានជំរុញឲ្យបុគ្គលិករបស់ក្រុមហ៊ុន Foxconn Technology Group ដែលជាក្រុមហ៊ុនផលិតសម្ភារៈផ្សេងៗសម្រាប់ដំឡើងជាទូរស័ព្ទ iPhone ប្រមាណជា ៣០០ ០០០នាក់នាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងជាមួយអាជ្ញាធរជាច្រើនថ្ងៃ ខណៈរឿងរ៉ាវចម្រូងចម្រាសនេះបានធ្វើឲ្យចង្វាក់ផលិតកម្មចំពោះទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនត្រូវប៉ះពាល់រហូតដល់ ៨៥%ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger