ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដី ជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត។
រយៈកាលកន្លងមក សាលាខេត្តត្រាត នៃព្រះរាជាណាចក្រថៃធ្លាប់បានជូន ដំណឹងដល់រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា អំពីការបិទជាបណ្តោះអាសន្នច្រកទ្វារតំបន់ព្រំដែន ៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបរ៉ៃ ខេត្តត្រាត ក្នុងអំឡុង ពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី។
ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្នមានការថយចុះ និងគ្រប់យ៉ាងមានដំណើរការល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានយ៉ាងពេញលេញ និងមានប្រសិទ្ធភាព។
ហេតុនេះ ដើម្បីបន្ត និង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាពិសេសខេត្តជាប់ព្រំដែន (ខេត្តបាត់ដំបង និងខេត្តត្រាត) រដ្ឋបាលខេត្តបាត់ដំបង សូមឯកភាព និងចូលរួមសហការបើកដំណើរការឡើងវិញ ច្រកទ្វារតំបន់ព្រំដែន៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្ថិតក្នុង ស្រុកបរ៉ែ ខេត្តត្រាត ដោយអនុវត្តទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ៕



ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង


