(ភ្នំពេញ)៖ ក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្ដម ថោង ខុន ស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។
ឯកឧត្ដមរដ្ឋមន្ត្រីបានថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។
ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានឯកភាពចំពោះលោករដ្ឋមន្ត្រី ថោង ខុន ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ មានក្ដីសង្ឃឹមថាកំណើនភ្ញៀវទេសចរដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត ពិសេសគឺនឹងមានការហោះហើរត្រង់ឡើងវិញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕

ប្រភព៖ ក្រសួងទេសចរណ៍


