រាជរដ្ឋាភិបាលបញ្ចេញទុនបន្ថែម ១០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា
សេដ្ឋកិច្ច November 22, 2022 Nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្ដីពីការផ្ដល់ថវិកាបន្ថែមសម្រាប់សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន បងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីជំរុញការប្រមូល ទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានគិតគួរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។ ការណ៍នេះ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាច ប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។

ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្ម វិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្ដាលឱ្យមានការបង្អាប់ថ្លៃស្រូវ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា (Cambodia Rice Federation) ដែលបានជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃ សមរម្យនាពេលកន្លងមក និងជួយទិញបន្តទៀត។ អាស្រ័យហេតុនេះសាធារណជន និងបងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និង ស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK