(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ កម្ពុជា បាននាំចេញអង្ករ ចំនួន៥០៩,២៤៩តោន នេះបើយោងតាមយោងតាមរបាយការណ៍ ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមរបាយការណ៍បានឱ្យដឹងថា បរិមាណការនាំចេញអង្កររយៈពេល១០ខែមានចំនួន ៥០៩,២៤៩តោន កើនឡើងចំនួន ៤៩,០៨០តោន (១០,៦៧%) បើធៀបនឹងបរិមាណនាំចេញរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤៦០,១៦៩តោន។ ដោយឡែកខែតុលា ឆ្នាំ២០២២ មានចំនួន៥៩,៨៨៨តោន កើនឡើងចំនួន ១០,៤១៧តោន។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៤៨,៥០១តោន ស្មើនឹង ៦៨,៤៤% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៨,៩៣៣តោនស្មើនឹង ២៩,២៤% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន១១,៨១៥តោន ស្មើនឹង២,៣២%។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២៣ប្រទេស មានបរិមាណសរុបចំនួន ១៦៥,៦៣០តោន (កើនឡើងចំនួន៥០,១៥៤តោន ស្មើនឹង៤៣,៤៣%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៣១,៨៧៣តោន (កើនឡើង២,៦៨៦តោន ស្មើនឹង ១០,១៩%) និង ទិសដៅដទៃទៀតចំនួន២៦ប្រទេស មានបរិមាណសរុប ៦៣,៤៩៨តោន (ថយចុះចំនួន ៨,២៣៣តោន ស្មើនឹង -១១,៤៨%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៥ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៤៣,៩៤៩តោន (៦៧,៥៤%) និងក្រុមហ៊ុន ៤៥ ដទៃទៀតបាននាំចេញត្រឹមតែ ១៦៥,៣០០តោន (៣២,៤៦%)៕



