អគ្គនាយកដ្ឋានពន្ធដារ ណែនាំដល់ម្ចាស់សហគ្រាស ដាក់តាំង ឬព្យួរបង្ហាញឯកសារ បញ្ជាក់ការចុះបញ្ជីពន្ធដារដែលមានសុពលភាព នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច
សេដ្ឋកិច្ច November 15, 2022 Nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច ។

ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ មាត្រា ៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម និងប្រការ ៧ នៃប្រកាសលេខ ១៩៣ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ និងក្នុងគោលបំណងបញ្ជាក់អំពីសិទ្ធិនិងកាតព្វកិច្ចជាភ្នាក់ងារកាត់ទុក និង ប្រមូលអាករលើតម្លៃបន្ថែម ពីអតិថិជន សម្រាប់ប្រកាសបង់ពន្ធមករដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការ ណែនាំដល់លោក- លោកស្រីម្ចាស់សហគ្រាស នាយក និងបណ្ណាធិការ ឱ្យបំពេញកាតព្វកិច្ចដាក់តាំង ឬព្យួរបង្ហាញឯកសារ បញ្ជាក់ការចុះបញ្ជីពន្ធដារដែលមានសុពលភាព នៅទីកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ចនីមួយៗ ដូចខាងក្រោម៖

១. ទីចាត់ការសហគ្រាស៖
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬលិខិតបញ្ជាក់ការចុះបញ្ជីពន្ធដារ ឬ/និង
– ប័ណ្ណពន្ធប៉ាតង់។

២. សាខាសហគ្រាស៖
– លិខិតបញ្ជាក់សាខាសហគ្រាស ឬ និង
– ប័ណ្ណពន្ធប៉ាតង់។

ករណីលោក-លោកស្រីម្ចាស់សហគ្រាស នាយក និងបណ្ណាធិការ មិនអនុវត្តតាមការណែនាំនេះ នឹងត្រូវបានចាត់ទុកថា ប្រព្រឹត្តអំពើរាំងស្ទះចំពោះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួលរងទោសទណ្ឌស្របតាមមាត្រា ១៣៣ នៃច្បាប់ ស្តីពីសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីម្ចាស់សហគ្រាស នាយក និងបណ្ណាធិការ ទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation