អាមេរិក៖ ក្រុមហ៊ុនលក់ផលិតផលតាមបណ្តាញអ៊ីនធឺណិតដ៏ធំនៅលើពិភពលោកគឺក្រុមហ៊ុន Amazon គ្រោងនឹងបញ្ឈប់បុគ្គលិកប្រហែល ១០,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះ។ តាមគម្រោងគឺការបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើននេះនឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ ពោលវាគឺជាការសម្រេចដ៏ឆាប់រហ័សបំផុតមួយពីសំណាក់ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន។
ប្រភពខាងលើបានបន្តថា បុគ្គលិករបស់ក្រុមហ៊ុន Amazon ដែលស្ថិតនៅក្នុងបញ្ជីនៃការបញ្ឈប់នោះគឺភាគច្រើនជាក្រុមបុគ្គលិកស្ថិតនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា។ គួរបញ្ជាក់ជូនថា ក្រុមបុគ្គលិកប្រហែល ១០,០០០នាក់ដែលគ្រោងនឹងត្រូវបញ្ឈប់ពីការងារនោះគឺមានចំនួនស្នើនឹង ៣%នៃបុគ្គលិកសរុបនៅក្នុងវិស័យសារជីវកម្មនិងបច្ចេកវិទ្យា ឬមានចំនួនតិចជាង ១% បើធៀបនឹងតួលេខបុគ្គលិកសរុបនៅជុំវិញពិភពលោកដែលមានចំនួនសរុបប្រហែល ១,៥លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times


