(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី០៤ ខែវិច្ឆិកាថា គម្រោងវិនិយោគចំនួន២បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៤លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល ជារបស់ក្រុមហ៊ុនចំនួន២ផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំង២នឹងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ២១២៨កន្លែង។

ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
២- “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង៕




