ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយកៀរគរថវិកា និងអ្នកវិនិយោគ
សេដ្ឋកិច្ច November 12, 2022 Naren

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ផងដែរជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ , បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ ឆ្នាំនេះ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។

ពីនោះទៅទៀត ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយកៀរគរថវិកា ជួយកៀរគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យា ដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍បៃតង ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានទទួល ការអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុងវេទិកាកិច្ច សន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ-១៩ ។​ សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ៕