រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី១១ខែវិច្ឆិកានេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តាមរយៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វ កិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពល កកើតឡើងវិញនៅកម្ពុជា ដែលមានសមត្ថភាពបង្គុំប្រមាណ ២៥០០មេហ្កាវ៉ាត់ ក្នុងគោលបំណងនាំចេញ ទៅសិង្ហបូរី ១០០០មេហ្កាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺ ជាអ្នកទទួលទិញ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតី ភាពរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា “កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១ ០០០ មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសិង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឱ្យការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបូរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ “
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ KI ក្នុងការស្វែរកធនធានថាមពលប្រកបដោយ ចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយ រាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសិង្ហបូរីផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


