សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីថៃ ជួយទិញអង្ករកម្ពុជាបន្ថែម និងជួយសម្រួល នីតិវិធី នៃការនាំកសិផលកម្ពុជាឆ្លងកាត់ព្រំដែនចូលទៅប្រទេសថៃ
សេដ្ឋកិច្ច November 11, 2022 Nuch

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យភាគីថៃ ជួយទិញអង្ករកម្ពុជាបន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងកាត់​ព្រំដែនចូលទៅប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌​មានរបស់ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​លើគ្រប់វិស័យដែលកំពុងមាននៅពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ដែលឈរលើស្មារតី​ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គា្នទៅ វិញទៅមក នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់​នៃកិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុង​ការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់អំពីការគាំទ្រយ៉ាង​ពេញទំហឹង​របស់​កម្ពុជា និងបានជូនពរ ប្រទេសថៃឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ច​ប្រជុំកំពូល APEC នាពេលខាងមុខ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការ​ទទួល​យកការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុង​ឋានៈជា “ភ្ញៀវរបស់ម្ចាស់ផ្ទះ»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់អំពី​សារៈ​សំខាន់នៃការបន្តឡើងវិញនូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ (JCR) រវាងប្រទេសទាំងពីរ ដែលជាយន្តការខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីការផ្អាកមួយរយៈដោយ​សារ​ជំងឺរាតត្បាត។

ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា ប្រទេសថៃនឹងទទួល​ធ្វើ​ជាម្ចាស់ផ្ទះ JCR លើកទី៤ តាមពេលវេលាមួយសមស្រប។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះ​កំណើន​នៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានា បង្កឡើងដោយ​ជំងឺ​រាតត្បាតកូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្ដែង ដើម្បីជំរុញបន្ថែមទៀតនូវទំហំនៃ​ការផ្លាស់ប្ដូរនេះឱ្យកើនដល់គោលដៅចំនួន ១៥ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងរយៈពេល២​ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយ​សម្រួល​ដល់ពលករកម្ពុជានៅប្រទេសថៃ ជាពិសេសក្នុងអំឡុងពេលនៃការរាត​ត្បាតនៃជំងឺ​កូវីដ-១៩ និងបានស្នើសមភាគីថៃឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងកិច្ចការនេះ។ លើសពីនេះទៀត​ ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន​និងប្រជា​ជន នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃ​ប្រទេសទាំង​ពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើក​ដំណើរការ “ស្ពានមិត្តភាព ឱ្យបានឆាប់ ហើយនិងអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍ​តំបន់​ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិស័យការពារជាតិនិងសន្តិសុខ ទេសចរណ៍ ការ​តភ្ជាប់ផ្លូវដែក ថាមពលស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆ្លងដែនខុស​នច្បាប់ និងការជួញដូរមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីការផ្លាស់ប្តូរ​ការគាំទ្រគ្នាលើឆាកអន្តរជាតិ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ក៏បាន​ផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ ព្រមទាំងបញ្ហាតំបន់ និង​អន្តរជាតិមួយចំនួន ដែលជាកង្វល់រួម ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន