ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលបានមកទស្សនានៅកម្ពុជា
ទេសចរណ៍ November 10, 2022 Naren

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

វេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២នេះរៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)​ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ៨ ដល់ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍ថា បើក្រឡេកមើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។

ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថា នឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនទទួលយកលំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ៕