កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឯកភាពពង្រីកការហោះហើរត្រង់ក្នុងតំបន់ ដើម្បីជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា
ទេសចរណ៍ November 4, 2022 Naren

(សៀមរាប)៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ ដែលមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែមទៀត។

ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេននៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ កិច្ចប្រជុំអន្តរជាតិនេះដែរមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា ប្រតិភូឡាវដឹកនាំដោយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រតិភូមីយ៉ាន់ម៉ាដឹកនាំដោយលោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ប្រតិភូថៃដឹកនាំដោយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា និងប្រតិភូវៀតណាមដឹកនាំដោយលោក Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍។

នាឱកាសនោះ អង្គប្រជុំបានចូលរួមស្ដាប់នូវប្រសាសន៍ថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសកិច្ចកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥នេះ។ បន្ទាប់ពីស្ដាប់នូវខ្លឹមសានេះហើយ លោករដ្ឋមន្ត្រី ថោង ខុន ប្រធានអង្គប្រជុំបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មានទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍អេកម៉ិក។

អង្គប្រជុំក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ណែនាំទាក់ទងនឹងការលើកកម្ពស់ការធ្វើដំណើរផ្ទៃក្នុងតំបន់អេកម៉ិក (ACMECS-Intra Travelers) ដោយសង្កត់ធ្ងន់លើការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត រួមទាំងការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង និងការបន្តយុទ្ធនាការ «ប្រទេសប្រាំ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់ និងភាពចាំបាច់ក្នុងការពង្រឹងយន្តការស្ថាប័នទេសចរណ៍អេកម៉ិក។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកដទៃទៀតបានស្វាគមន៍កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងប្រទេសអេកម៉ិក ដែលកើនឡើងដល់ប្រមាណ១០លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ ក្នុងនោះចំនួនភ្ញៀវទេសចរផ្ទៃក្នុងមានប្រមាណ៤.៨លាននាក់ ស្មើនឹង៤៩ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ រដ្ឋមន្ត្រីទេសចរណ៍សមាជិកអេកម៉ិកបានជំរុញឱ្យមានការតភ្ជាប់ផលិតផលទេសចរណ៍ និងការចូលរួមពីវិស័យឯកជន ដើម្បីជំរុញភ្ញៀវទេសចរបន្ថែមទៀត។

គួរជម្រាបថា អេកម៉ិក គឺមកពីពាក្យពេញថា «យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ទន្លេចៅផ្រាយ៉ា-ទន្លេមេគង្គ» ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ៕