យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យរបស់អារ៉ាប់រួមនៅកម្ពុជា បានកើនដល់ជិត ៣លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ ខណៈកម្ពុជាចាត់ទុកអារ៉ាប់រួម ជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងចំណោមប្រទេសអារ៉ាប់ ដែលបានរួមចំណែក រហូតដល់៧៧ភាគរយ នៃពាណិជ្ជកម្មកម្ពុជានៅតំបន់ឈូងសមុទ្រ។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៤-២៦ ខែតុលានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យ កម្ពុជាបន្តសិ្ថតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេលប្រាំបីខែដំបូងនៃ ឆ្នាំ២០២២ បានកើនឡើងដល់ជិត ៣០០លានដុល្លារអាម៉េរិក កើនឡើងជាង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកវិនិយោគ អារ៉ាប់រួម ទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើ ប្រាស់សក្តានុពលអាជីវកម្មរបស់កម្ពុជាឱ្យបានពេញលេញ ទាក់ទងនឹងការ ជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួម ព្រមទាំងបានអំពាវនាវឱ្យធុរជន និងវិនិយោគិន អារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ទៅសិក្សាពីសក្តានុពល ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់។
ឯកឧត្តមបណ្ឌិត បានបន្តថា សព្វថ្ងៃនេះ អារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មកំពូល របស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមានចំនួន ៧៧ភាគរយ នៃពាណិជ្ជកម្មរបស់ កម្ពុជាជាមួយតំបន់ឈូងសមុទ្រ។ ចំពោះការវិនិយោគរបស់កម្ពុជាទៅកាន់អារ៉ាប់រួម មានចំនួនសរុបជិត ១លានដុល្លារអាម៉េរិក នៅចុងឆ្នាំ២០២០ ដែលភាគច្រើនផ្តោតលើ វិស័យអចលនទ្រព្យ ហើយការវិនិយោគរបស់អារ៉ាប់រួមនៅកម្ពុជាវិញ មានចំនួនសរុបប្រមាណ ២.៧លានដុល្លារអាម៉េរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ស្ថិតក្នុងវិស័យអចលនទ្រព្យ ផងដែរ។ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីនេះ សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្ម ទំនិញធ្វើដំណើរ កសិកម្ម និងសន្តិសុខស្បៀង នៅតែជាផ្នែកសំខាន់នៃការផ្តោតអារម្មណ៍ សម្រាប់ឱកាសបង្កើនភាពជាដៃគូរវាងអារ៉ាប់រួម-កម្ពុជា ផងដែរ។
គួរបញ្ជាក់ថា បើផ្អែកតាមតួលេខពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម មានប្រមាណ១៥០លានដុល្លារ កើនឡើងជាង៥០ភាគរយ ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅ កាន់អារ៉ាប់រួម មានតម្លៃ ៥២លានដុល្លារ ខណៈទំនិញដែលអារ៉ាប់រួម បាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ជិត១០០លានដុល្លារ៕


ប្រភព៖ ក្រសួងព័ត៌មាន


