ខេត្តពោធិ៍សាត់ កំពុងក្លាយជាតំបន់មានការអភិវឌ្ឍប្រកបដោយសក្តានុពល
សេដ្ឋកិច្ច October 25, 2022 Naren

(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខេត្តពោធិ៍សាត់ជាតំបន់មានសង្គ្រាមកាលពីមុន ប៉ុន្តែក្រោម នយោបាយ ឈ្នះឈ្នះ ខេត្តនេះបានក្លាយទៅជាតំបន់មានការអភិវឌ្ឍនិងមានសក្តានុពល មានតំបន់ធម្មជាតិ ជាច្រើន ដើម្បីទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ថ្លែងក្នុងពិធីអញ្ជើញផ្តល់ស្រូវពូជជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជំនះ នៃនយោបាយឈ្នះឈ្នះបានផ្តល់សុខសន្តិភាព និងឱកាសបន្ថែមឱ្យកម្ពុជា អនុវត្តនិងសម្រេចបានជោគជ័យ នូវគោលដៅចំនួនពីរនៃការអភិវឌ្ឍប្រទេស។

សម្តេច តេជោបានបន្តថា ការធ្វើសមាហរណកម្មនៅស្រុក ភ្នំក្រវាញនៃខេត្តពោធិ៍សាត់នេះ ក៏បានប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាទីផ្សារ និងជាតំបន់ ដែលមានការអភិវឌ្ឍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។សម្តេចតេជោបានបញ្ជាក់ថា ខេត្ត ពោធិ៍សាត់ធ្លាប់មានប្រវត្តិឈឺចាប់នៃអតីតកាល ដ៏លំបាក មិនមែនគ្រាន់តែលំបាកទៅលើបញ្ហាផ្លូវថ្នល់ទេ ក៏ប៉ុន្តែ លំបាកទាក់ទងជាមួយនឹងសន្តិភាព និង សង្រ្គាម។

«ទឹកដីពោធិ៍សាត់ ធ្លាប់បានដឹងរសជាតិ ស្តីពីបញ្ហាសង្គ្រាមរួចហើយ យើងទើបបញ្ចប់សង្គ្រាមនៅ ក្នុងទឹកដីពោធិ៍សាត់ នៅឆ្នាំ១៩៩៦ នៅពេលយើងចាប់ផ្តើមសមាហរណកម្មតាមផ្លូវជាតិលេខ ៦ ពីភ្នំក្រវាញ គឺតំបន់វាលវែង យើងធ្វើសមាហរណកម្មអស់ ។ឥឡូវតំបន់ទាំងនោះក្លាយជាតំបន់កំពុងមានការអភិវឌ្ឍហើយនឹងមានច្រកពាណិជ្ជកម្ម រវាងកម្ពុជានិងថៃ នៅឯថ្មដា ព្រំដែនកម្ពុជានិងថៃ។ ចាត់ទុកថា ច្រកនាំចេញនាំចូល ក្នុងតំបន់នេះ ហើយអ្នកពោធិ៍សាត់ ក៏ទទួលបាន ផ្លូវ តភ្ជាប់ពីពោធិ៍សាត់ កាត់តាមវាលវែងទៅដល់ព្រំដែនកម្ពុជានិងថៃ ផ្លូវក្រាលកៅស៊ូ ប៉ុន្តែមិនត្រឹមប៉ុណ្ណឹងទេ បន្តិចទៀត អ្នកពោធិ៍សាត់ អាចធ្វើដំណើរពី ពោធិ៍សាត់ទៅកាន់ខេត្តកោះកុង តាមរយៈផ្លូវដែលឆ្លងកាត់ តាមតំបន់វាលវែង ចូលទៅខេត្តកោះកុង ហើយធ្វើដំណើរទៅកាត់ប៉ៃលិន ។ ខេត្តបាត់ដំបង មិនចាំបាច់ទៅផ្លួវជាតិលេខ៥ នេះជាកត្តាសន្តិភាព រកបានដោយលំបាក លំបាកណាស់ ទំរាំមានសន្តិភាព ។ ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន ទោះបីតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងពួកក្រុមបំផ្លាញ» ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តផ្តល់អាទិភាពខ្ពស់លើ ការស្តារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស ស្ពាន និង កំពង់ផែ ដើម្បីលើកកម្ពស់ការតភ្ជាប់ តំបន់ដាច់ ស្រយាលឱ្យមកកៀកនឹងទីក្រុង ទីប្រជុំជន រមណីយដ្ឋាន ធម្មជាតិនិងប្រវត្តិសាស្រ្តនានា ។ ការតភ្ជាប់ជាមួយបណ្តាញផ្លូវនៃប្រទេសជិតខាងក្នុងតំបន់និងពិភពលោក សំដៅបង្កើតបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនបង្កើតមុខរបរ បង្កើនចំណូលគ្រួសារ លើកកម្ពស់សុខុមាលភាពសង្គមនិងការអប់រំជូនប្រជាពលរដ្ឋ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ ឱ្យបានឆាប់រហ័ស៕

ប្រភព៖ ក្រសួងព័ត៌មាន