អាមេរិក៖ ធនាគារពិភពលោកកាលពីថ្ងៃចន្ទ ទី២៤ ខែតុលាម្សិលមិញនេះបានឲ្យដឹងថា ខាងធនាគារបានបញ្ចេញឥណទានចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក David Malpass ដែលជាប្រធានធនាគារពិភពលោកបានបញ្ជាក់ថា ប្រាក់កម្ចីដែលបានផ្តល់ជូនប្រទេសអ៊ុយក្រែននៅពេលនេះគឺដើម្បីឲ្យអ៊ុយក្រែនប្រើប្រាសសម្រាប់ការចំណាយក្នុងករណីបន្ទាន់ណាមួយ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។
ប្រធានធនាគារពិភពលោករូបនេះបានបន្តថា តាមគម្រោងគឺធនគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសអ៊ុយក្រែនក្នុងចំនួនសរុប ១៣ពាន់លានដុល្លារ ខណៈគិតត្រឹមពេលនេះប្រាក់ចំនួន ១១,៤ពាន់លានដុល្លារត្រូវបានផ្តល់ជូនទៅកាន់រដ្ឋាភិបាលអ៊ុយក្រែនរួចរាល់អស់ហើយ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកធនាគារពិភពលោកធ្លាប់បានវាយតម្លៃថា ការឈ្លានពានរបស់រុស្ស៊ីនឹងធ្វើឲ្យប្រទេសអ៊ុយក្រែនត្រូវខាតបង់ប្រាក់ប្រមាណជា ៩៧ពាន់លានដុល្លារ ហើយអ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ចំនួន ៣៥០ពាន់លានដុល្លារដើម្បីរៀបចំប្រទេសឡើងវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia


