ក្រុមហ៊ុនចិនមួយ មានគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង
សេដ្ឋកិច្ច October 24, 2022 Naren

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានចូលរួមដឹកនាំ ក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី «សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង» តាមរយៈប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមានលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។

ឆ្លៀតក្នុងឳកាសដ៏ល្អប្រសើរនេះ លោកជំទាវបានថ្លែង អំពីភូមិសាស្ត្រ និងសក្តានុពលវិនិយោគរបស់ខេត្តកោះកុង ដោយក្នុងឆ្នាំ២០២១ ខេត្តមានឧស្សាហកម្មធុនធំចំនួន ០៧រោងចក្រ សហគ្រាស មានចំនួនកម្មករ និយោជិកចំនួន ១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡា…….។ល។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន ៧៥៥ មូលដ្ឋាន។ កោះកុងជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ២៩០គីឡូម៉ែត ពីរាជធានីភ្នំពេញ ដោយមានខ្សែផ្លូវជាតិដ៏សំខាន់ចំនួន២ ក្នុងការតភ្ជាប់គឺផ្លូវជាតិលេខ៤ និងផ្លូវជាតិ លេខ៤៨ ក្នុងនោះខេត្តកោះកុងក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន០១គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។

ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា-ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។ ខេត្តបាននឹងកំពុងធ្វើការទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាត ប្រទេសថៃ ក្នុងការបង្កើនបរិយាកាសកក់ក្ដៅសម្រាប់ការធ្វើអាជីវកម្ម រវាងប្រទេសទាំងពីរ។ បន្ថែមលើសនេះទៀត ខេត្តបានពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយខេត្តកាម៉ៅ និងខេត្តគៀនយ៉ាងនៃប្រទេសវៀតណាម និងខេត្តជីលីន ខេត្តយូណាន នៃប្រទេសចិន៕