នាចុងសប្តាហ៍អ្នកមកលេងក្រុងព្រះសីហនុច្រើនកុះករ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ទេសចរណ៍ October 10, 2022 Naren

(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យ មានចំនួនប្រមាណ ១១, ០០០០នាក់។ នេះបើយោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

ប្រភពដដែលបន្តថាកំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវសូមឱ្យបងប្អូនអាជីវករ ព្រមទាំងផ្ទះសំណាក់ សណ្ឋាគារទាំងអស់ កុំលក់ដូរឡើងថ្លៃ ឬអាចនិយាយថាកោរភ្ញៀវ និងគួរតែយកចិត្តទុកដាក់ ជាពិសេសអាកប្បកិរិយា ការផ្ដល់ជូននូវសេវាកម្មល្អ អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ដ ក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើង ដែលជាកត្តាជួយឱ្យបងប្អូនទទួលបាននូវមុខរបរ និងចំណូលកាន់តែច្រើនឡើងថែមទៀត៕

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ