កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជាង៩លានដុល្លារ នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា
សេដ្ឋកិច្ច October 10, 2022 Naren

(កំពត)៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសថ្នាក់ដឹកនាំបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួន ដើម្បីស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន