កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ បើការដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ
សេដ្ឋកិច្ច October 9, 2022 Naren

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថានៅកម្ពុជាករណីសិក្សាមួយរបស់ការអង្គការ សហប្រជាជាតិ ស្ដីពីការវិនិ យោគលើការ​ត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ នៃតម្លៃបារីលក់រាយ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជ បណ្ឌិត មុំ គង់ នាយកអង្គការចល​នាដើម្បីសុខភាពកម្ពុជា នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «វិធានការពន្ធមានប្រសិទ្ធភាព» ដែល​រៀបចំធ្វើឡើងរយ:ពេលពីរថ្ងៃ នៅសណ្ឋាគារវិមាននាគថ្មី ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​កាលពីថ្ងៃទី ០៦-០៧ ខែតុលា ឆ្នាំ ២០២២។

លោកវេជ្ជបណ្ឌិត មុំ គង់ បានគូសបញ្ជាក់ថា វិធានការដែលមានប្រសិទ្ធខ្ពស់​ក្នុងការ​ជួយគាំទ្រឱ្យប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធលើផលិតផលថ្នាំជក់។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់ នឹង​តិចជាងមុន ឬផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នក​ឈឺដោយការ​ប្រើប្រាស់ថ្នាំជក់។ លោកវេជ្ជបណ្ឌិតបានបន្ដថា ការដំឡើងពន្ធថ្នាំជក់ធ្វើ​ឱ្យ​រាជរដ្ឋាភិបាលទទួល​បាន​ចំណូល​ពន្ធបន្ថែមសម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺផ្សេងៗ ជា ពិសេសការទប់ស្កាត់នឹង​ជំងឺ​កូវីដ-១៩។ លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា មានមតិបំភ័ន្តមួយ​ចំនួនបានលើក​ឡើងថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់​ឱកាសការងារ ប៉ះពាល់​ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមាន​ការគេចពន្ធ។ ប៉ុន្តែប្រទេសជា​ច្រើន​ដែល​បាន​ដំឡើង​ពន្ធថ្នាំជក់រួចមកហើយក្នុងប្រទេសអាស៊ានដូចជាហ្វីលីពីន និងថៃ បាន​បង្ហាញ​ថា បន្ទាប់​ពី​ដំឡើងពន្ធលើផលិតផលថ្នាំជក់ រដ្ឋាភិបាលប្រទេសគេមិនគ្រាន់តែ​ចំណេញពន្ធ​បន្ថែម​ទេ ប៉ុន្តែនៅពេលដំឡើងពន្ធថ្នាំជក់នោះ បារីឡើងថ្លៃ ប្រជាពលរដ្ឋដែលមិន​មានលុយបាន​បន្ថយ​ការជក់បារី។ បញ្ហាទាំងនោះហើយដែលធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយ​ការជក់បារី​បន្តិច​ម្តងៗ និងឈានដល់ការផ្តាច់បារីដោយខ្លួនឯង ដូចនៅប្រទេសហ្វីលីពីន និងថៃជាដើម ដែល​សព្វថ្ងៃប្រជាពលរដ្ឋរបស់គេជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាល​ទទួល​បានពន្ធបន្ថែមពី​ថ្នាំជក់យ៉ាងច្រើន ដែលរដ្ឋាភិបាល​របស់គេបង្វែរការ ប្រើប្រាស់ថវិកា​ចំណូល​ពន្ធទាំងនោះ ដើម្បី​ទ្រទ្រង់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈបាន​យ៉ាង​ច្រើន។

លោកវេជ្ជបណ្ឌិត មុំ គង់ បានអះអាងថា ទូទាំងពិភពលោកថ្នាំជក់ធ្វើឱ្យមនុស្ស​ប្រមាណ ៨លាននាក់ រៀងរាល់ឆ្នាំ ស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោម​ផ្អែមលើសសំពាធឈាម និងជំងឺជា ច្រើនមុខផ្សេងទៀត ដែល​ក្នុងនោះប្រជាពលរដ្ឋកម្ពុជា​មានប្រមាណ ១៥ ០០០ នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។ លោកវេជ្ជបណ្ឌិត​បានបន្ថែមទៀតថា ថ្នាំជក់ក៏បណ្តាលឱ្យកម្ពុជាខាតបង់ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារ​អាម៉េរិកផងដែរជារៀងរាល់ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន