(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដើម្បីធានាការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។
ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ក្រោមប្រធាន បទ «ការស្ដារកម្ពុជាឡើងវិញពី វិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ប៉ុន្តែទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ នៅលើសកលលោកនេះ។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងអង្គសន្និសីទនេះការពិនិត្យ និងពិភាក្សាមើលថា តើកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០បានដែរឬទេ?រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ដើម្បីសម្រេចឱ្យបានខណៈដែលមានវិបិត្ត សង្គ្រាម រុស្សីនិងអ៊ុយក្រែនដែលធ្វើការរាំងស្ទះនូវវិបិត្តសេដ្ឋកិច្ច ។ ក្នុងស្មារតីនេះកម្ពុជានឹងមានការចូលរួមសហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នាស្វែងរកដំណោះ ស្រាយ ក្នុងកម្រិតមួយដ៏ល្អប្រសើរ តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេលវេលា ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣.២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧.៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «គោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់២០៥០ ដែលមានប្រាក់ចំណូលខ្ពស់ តើសម្រេចបានឬទេ? ក្នុងសកម្មភាពកាលមានការរារាំងចេញពីវិបិត្តកូវីដ១៩ និងវិបត្តិចេញមកពីសង្គ្រាម រុស្សីនិងអ៊ុយក្រែន ។ចំណុចនេះក៏ត្រូវបានព្យាករណ៍ទុកជាមុន ដើម្បីថា តើ វាអនុវត្តបានឬអត់? គោលដៅអភិវឌ្ឍន៍ប្រកបចីវភាពអង្គការសហ ប្រជាជាតិ មិនមែនគោលដៅដាច់ដោយឡែករបស់កម្ពុជានោះទេ ក៏ប៉ុន្តែកម្ពុជាផ្សារភ្ជាប់ខ្លួនជាមួយនឹងដំណើរការនេះ ដើម្បីកំណត់បង្គោលនៃការ សម្រេច។គោលដៅក្នុងពេល នោះសភាពការណ៍វាធម្មតាណាស់ កំណើនសេដ្ឋកិច្ច លើស៧ភាគរយ ក្នុង១ឆ្នាំ ។ ក៏ប៉ុន្តែស្រាប់កូវីដ១៩មក សង្គ្រាមវិបិត្ត ប្រេងឥន្ធន: វិបត្តិស្បៀង និងបញ្ហាប្រែប្រួលអាកាសធាតុ អន្តរាយនេះគឺវាយប្រហារដូច្នេះ តើយើងសម្រេចបានឬអត់ ហើយបើមិនសម្រេចបានទេក្នុងការបម្រុងទុក របស់យើងអ្វីខ្លះ? គួរតែត្រូវសិក្សានិងពិភាក្សាផងដែរក្នុងឋានៈជារដ្ឋាភិបាលដែលយកការគិតគូរជាមុន ត្រៀមម្ចាស់ការជាមុន ដើម្បីឆ្លើយតបទៅនឹងសភាពការ ណ៍ដែលអាចកើតមាន »៕
ប្រភព៖ ក្រសួងព័ត៌មាន


