(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថាបើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨,៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្រសួងបន្តថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។
ក្រសួងក៏បានបញ្ជាក់ទៀតថាការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វេីដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕



