រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍
ទេសចរណ៍ October 1, 2022 Naren

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងរបាយការណ៍បានឱ្យដឹងថា ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យ ទេសចរណ៍បានចំនួន១០ជុំ និងវិធានការគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន វិធានការលើកលែងពន្ធអាករប្រចាំខែ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ ការលើកលែង ប.ស.ស ការបង្កកបំណុលពន្ធដារ និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។

បន្ថែមលើវិធានការគាំទ្រសេដ្ឋកិច្ចទាំងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែជូនកម្មករ និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណជាង ៨,៩៥លានដុល្លារ ជូនកម្មករ និយោជិតសរុបចំនួន ២៣ ០១០នាក់៕