គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៧០លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា
សេដ្ឋកិច្ច September 30, 2022 Naren

(ភ្នំពេញ) ៖ គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៧០លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយពី ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្ដល់ការគាំទ្រ និង រួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យអាទិភាព (ការអភិវឌ្ឍជនបទ, សុខាភិបាល និងគាំពារសង្គម, អភិបាលកិច្ច និងអាកាសធាតុ)។ គិតត្រឹមឆ្នាំ២០២១ ភាគី អាល្លឺម៉ង់បានបើកផ្តល់ ហិរញ្ញប្បទានឥតសំណងទ្វេភាគី ប្រមាណ ៦៧០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ២.៦% នៃទំហំហិរញ្ញប្បទានទាំងអស់ផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Anton Messerer បានសំដែង នូវសេចក្តីសោមនស្ស រីករាយក្នុងការបានបំពេញមុខងារជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ចាប់តាំងពី ឆ្នាំ១៩៩៤។ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមជឿជាក់ថា ចំណងការទូត និងភាពជា ដៃគូក្នុង កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើប្រធានបទពាក់ព័ន្ធ រួមមាន វិស័យមីក្រូហិរញ្ញវត្ថុ ហិរញ្ញប្បទានសម្បទាននិងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងប្រទេស ទាំងពីរផងដែរ៕