ក្នុងត្រីមាសទី៣ GDP របស់ប្រទេសវៀតណាមកើនឡើង ១៣.៦៧%
សេដ្ឋកិច្ច September 30, 2022 Naren

(ហាណូយ)៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយការិយាល័យស្ថិតិវៀតណាមនៅថ្ងៃទី២៩ ខែកញ្ញា បានឱ្យដឹងថា GDP នៅក្នុងត្រីមាសទី៣ របស់វៀតណាម ត្រូវបានកើនឡើង ១៣.៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការផលិត និងការនាំចេញបានកើនឡើងបន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងនៃ Covid-19។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាម (GSO) បាននិយាយថា «សកម្មភាពអាជីវកម្ម និងផលិតកម្មទទួលបានសន្ទុះកើនឡើងជាលំដាប់។ GDP នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថាមានការកើនឡើងខ្ពស់ ១៣.៦៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។»
ថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍ថា វៀតណាមនឹងឈានមុខគេក្នុងកំណើន GDP ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីប៉ាស៊ីហ្វិកក្នុងអត្រា ៧.២% នៅឆ្នាំនេះ។ ប៉ុន្តែវាបានព្រមានអំពីហានិភ័យ រួមទាំងការធ្លាក់ចុះនៃកំណើន ឬការជាប់គាំងនៅក្នុងទីផ្សារនាំចេញដ៏សំខាន់របស់ខ្លួន និងការបន្តរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ GSO បាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់វៀតណាមបានកើនឡើង ៣.៩៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រភព៖ macaubusiness