(ម៉ានីល)៖ ព្យុះទីហ្វុង Noru បានបំផ្លិចបំផ្លាញដីស្រែចំការនៅក្នុងប្រទេសហ្វីលីពីន ដែលបង្កហានិភ័យបន្ថែមទៀតដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងអតិផរណា។ នាយកដ្ឋានកសិកម្មហ្វីលីពីនបាននិយាយថាគ្រោះធម្មជាតិ ព្យុះទីហ្វុង Noru បានធ្វើឱ្យខូចខាតដល់ផ្ទៃដីកសិកម្មជាង ១៤១,៣១២ហិកតា ដែលបណ្តាលឱ្យប៉ះពាល់ដល់កសិករ និងអ្នកនេសាទចំនួន ៨២,១៥៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែសីហា នាយកដ្ឋានកសិកម្មហ្វីលីពីនបានប៉ាន់ប្រមាណថាការខាតបង់កសិកម្មនៅក្នុងប្រទេស ដោយសារព្យុះទីហ្វុង Noru មានចំនួន ១.២៩ ពាន់លានប៉េសូ ( ២១.៩លានដុល្លារ ) ច្រើនជាងពីរដងនៃការប៉ាន់ស្មាន នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg ហើយ Inquirer បានរាយការណ៍។
រូបថត៖ រ៉យទ័រ
ការខូចខាតផ្នែកកសិកម្មពីព្យុះទីហ្វុង Noru កំពុងធ្វើឱ្យការខ្វះខាតស្បៀងអាហាររបស់ប្រទេសកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានបញ្ជូនអតិផរណាឡើងដល់ជិតកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ជំនួយ ផ្តល់ប្រាក់កម្ចី និងគ្រាប់ពូជដល់កសិករដែលរងផលប៉ះពាល់។ ព្យុះទីហ្វុង Noru បានវាយឡុកប្រទេសហ្វីលីពីន សម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ មនុស្សជាង ៧៤,០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះ បង្កការខូចខាតរចនាសម្ព័ន្ធជាច្រើន ហើយមនុស្សប្រហែល ២.៥លាននាក់ កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។
ទោះជាយ៉ាងណា លេខាធិការផែនការសេដ្ឋកិច្ច បាននិយាយនៅលើ Twitterថាខណៈពេលដែលការខូចខាតរបស់ព្យុះ Noru ដល់ហ្វីលីពីន «ហាក់បីដូចជាច្រើន» តែវានឹងមិនប៉ះពាល់ដល់គោលដៅកំណើនរបស់ពួកគេពី ៦.៥% ទៅ ៧.៥% នៅឆ្នាំនេះទេ៕

Photographer: Ezra Acayan/Getty Images
ប្រភព៖ bloomberg


