នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា
សេដ្ឋកិច្ច September 28, 2022 Naren

(តូក្យូ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ។

ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។ ឯកឧត្តម ក៏បានលើកអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ។ ឯកឧត្តម ក៏បានស្នើសុំសម្តេចតេជោ គាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុនផងដែរ។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ បញ្ហានៅមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង នៅឧបទ្វិបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន៕