(វ៉ាស៊ីនតោន)៖ របាយការណ៍របស់ធនាគារពិភពលោកបាននិយាយនៅថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារជំងឺកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់សន្ទុះរបស់ខ្លួនដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគនេះ។ ទោះជាយ៉ាងណា World Bank បានឱ្យដឹងទៀតថា ទៅថ្ងៃមុខទៀត សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update) កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥,៣% ក្នុងឆ្នាំ២០២២ ពី ២,៦% ក្នុងឆ្នាំ២០២១។ ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២,៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១% ក្នុងឆ្នាំ២០២១។ របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូល កំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២% ក្នុងឆ្នាំនេះ ពី ៧,២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦% វិញនៅឆ្នាំក្រោយ។
លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកំពុងតែស្តារស្ថានភាពឡើងវិញហើយនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។» កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនសម្រេចបានអាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំប្រហែល ៨៦% នៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែល ជាលទ្ធផល បង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ៕

ប្រភព៖ worldbank


