សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនរបស់ប្រទេសបង់ក្លាដែស មកវិនិយោគនៅកម្ពុជា ដើម្បីឱ្យការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែស មានស្ថិរភាព
សេដ្ឋកិច្ច September 23, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនរបស់ប្រទេសបង់ក្លាដែស មកវិនិយោគជាឃ្លាំងស្តុក ជារោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃជាអង្ករ សម្រាប់នាំចេញពីពីប្រទេសកម្ពុជា ទៅកាន់បង់ក្លាដែស មានស្ថិរភាព។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលវេលានៅអាម៉េរិក ត្រូវនឹងព្រឹកទៀបភ្លឺថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីមកចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លងទៅ។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូស កន្លងទៅ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ Sheikh HASINA ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយ ដែលប្រសិទ្ធព្រះនាម ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា ក៏នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយស ដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ក៏បានអបអរសាទរដែលបង់ក្លាដែស មានការសាងសង់ស្ពានមួយយ៉ាងវែងក្រោមការដឹកនាំរបស់លោកជំទាវផ្ទាល់ ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែស សុទ្ធសាធ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាដើម្បីឱ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែស ឱ្យមានស្ថិរភាព ជាពិសេសសម្ដេចក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ក្លាដែស មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតប លោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដែស បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឱ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។ លោកជំទាវបានជម្រាបសម្តេចតេជោថា បង់ក្លាដែស មានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកជំទាវ មានប្រសាសន៍បន្ថែមថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នា ដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឱ្យកាន់តែច្រើន។ លោកជំទាវ ក៏មានបំណងចង់ជំរុញឱ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចា ដើម្បីឱ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។ សម្តេចតេជោបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន