រំភើបណាស់! គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងពេញនិយមខ្លាំងនៅក្នុងផ្សារទំនើបរបស់ជប៉ុន បច្ចុប្បន្នមានលក់នៅតាមហាង ១៥០កន្លែងហើយ
សេដ្ឋកិច្ច September 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងពេញនិយមខ្លាំងនៅក្នុងផ្សារទំនើបរបស់ជប៉ុនឈ្មោះថា OK ដែលបច្ចុប្បន្នផ្សារនេះបាននឹងកំពុងដាក់លក់គ្រាប់ស្វាយចន្ទីដែលជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ។

កាលពីពេលថ្មីៗនេះ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដើម្បីបង្ហាញពីសក្ដានុពលនៃផលិតផលស្វាយចន្ទីកម្ពុជា ក៏ដូចជា ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច ស្ករត្នោត ។ល។

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តម ឯកអគ្គរាជទូត បានចុះទស្សនាការលក់ទំនិញនៅ OK Store ក្នុងទីក្រុង Yokohama និងបានសំដែងនូវក្តីរីករាយ អំណរគុណ ចំពោះសាជីវកម្មខាងលើ ដែលបានទទួលយកផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ មកដាក់លក់នៅ OK Store របស់ខ្លួន ស្របតាមការពេញចិត្តរបស់អតិថិជនជប៉ុនលើគុណភាពគ្រាប់ស្វាយចន្ទីខ្មែរ។ ក្រៅអំពីគ្រាប់ស្វាយចន្ទី ភាគីសាជីវកម្ម OKនិងស្ថានទូត រូមជាមួយស្ថាប័នគាំទ្រពាក់ព័ន្ធនានាទាំងរដ្ឋ និងឯកជន បានឯកភាពគ្នាបន្តសហការជំរុញបង្កើនគុណភាព សោភ័ណភាពការវេចខ្ចប់ គោរពស្តង់ដាគុណភាព ធានាសុវត្ថិភាព លើផលិតផលសក្កានុពលកម្ពុជាជាច្រើនមុខថែមទៀត ដើម្បីអាចទទួលដាក់លក់នៅ OK Store និង supermarket ក្នុងប្រទេសជប៉ុន។

គួររម្លឹកផងដែរថា កាលពីពេលកន្លងទៅ ជនជាតិជប៉ុនបានកោតសរសើរលើរសជាតិរបស់គ្រាប់ស្វាយចន្ទីកម្ពុជា ថាមានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីមកពីប្រទេសនានា ដូចជា វៀតណាម ឥណ្ឌា និងអាហ្រ្វិក។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ជាទូទៅគុណភាព អនាម័យ ការផលិត ការប្រើប្រាស់បច្ចេកវិទ្យា ដាំដុះ និងការកែច្នៃផលិតផលស្វាយចន្ទី គឺនៅមានកម្រិតនៅឡើយ ហើយកត្តាអវិជ្ជមានទាំងនេះធ្វើឱ្យពិបាកក្នុងការស្វែងរកទីផ្សារនៅជប៉ុន៕

អត្ថបទ៖ លីនី