គិតត្រឹមខែកញ្ញានេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានចំនួន ៥៨,៤៨% ហើយ
សេដ្ឋកិច្ច September 22, 2022 Khmernote

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះវិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។

ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន CM Grand Development និង Tan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។

សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ៕

ប្រភព៖ ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន