ទិន្នន័យបង្ហាញថាក្នុងមួយឆ្នាំមនុស្សពេញវ័យនៅកូរ៉េ ផឹកស្រាសូជូជាង៥០ដប និង ស្រាបៀរ៨៣ដប
សេដ្ឋកិច្ច September 22, 2022 Naren

(អន្តរជាតិ)៖ យោងតាមទិន្នន័យពីសេវាពន្ធជាតិកូរ៉េ បានឱ្យដឹងថា មនុស្សពេញវ័យជនជាតិកូរ៉េជាមធ្យមបានផឹកស្រាសូជូចំនួន ៥៣ដប និងស្រាបៀរចំនួន ៨៣ដបកាលពីឆ្នាំមុន។ នោះស្មើនឹងក្នុងមួយសប្តាហ៍ក្នុងមនុស្សម្នាក់ ផឹកសូជូមួយដប និងស្រាបៀរជិតពីរដបក្នុងមួយសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea times នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ផ្អែកលើទិន្នន័យលក់ដែលបានចងក្រងពីសេវាពន្ធជាតិ និងសេវាគយកូរ៉េ ស្រា Soju សរុប៨២៥.៨លានលីត្រ និង ១.៧៩ពាន់លានលីត្រនៃស្រាបៀរត្រូវបានចែកចាយតាមរយៈក្រុមហ៊ុនផលិតក្នុងស្រុកកាលពីឆ្នាំមុន។ ដូច្នេះកាលពីឆ្នាំមុនប្រជាជនកូរ៉េទូទាំងប្រទេស បានផឹកស្រាសូជូសរុបចំនួន ២.២៩ពាន់លានដប និង ស្រាបៀរ ៣.៥៩ ពាន់លានដប។ ចំនួននោះអាចមើលទៅហាក់បីដូចជាច្រើន ប៉ុន្តែតាមពិតវាតិចជាងអ្វីដែលប្រជាជនកូរ៉េធ្លាប់ផឹកពីមុន។ បរិមាណនៃការដឹកជញ្ជូន soju ពីរោងចក្រផលិតស្រាក្នុងស្រុកក្នុងបានធ្លាក់ចុះ ១២.៧ភាគរយបើធៀបនៅឆ្នាំ២០១៧។ បរិមាណនាំចេញស្រាបៀរក៏បានធ្លាក់ចុះ ១៦.៧ ភាគរយ។ ការប្រើប្រាស់គ្រឿងស្រវឹងនៅកូរ៉េបានធ្លាក់ចុះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ការថយចុះគួរឱ្យកត់សម្គាល់គឺបណ្តាលមកពីការរាតត្បាតនៃមេរោគកូវីដ១៩ ដែលបានបង្អាក់មនុស្សពីការប្រារព្ធពិធីជួបជុំបន្ទាប់ពីការងារ និងការជួបជុំសង្គម៕

ប្រភព៖ koreatimes