មិនធម្មតា! តែ ១ខែ ចិន បានចំណាយប្រាក់ ជាង ៨ពាន់លានដុល្លារលើការនាំចូលថាមពលរុស្ស៊ី បំបែកកំណត់ត្រានាំចូលមិនធ្លាប់មាន
សេដ្ឋកិច្ច September 21, 2022 Khmernote

យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។

ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ណកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ី​បាន​ងាក​ទៅ​រក​ចិន​ក្នុង​នាម​ជា​ដៃគូ​នាំ​ចេញ​ថាមពល ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច​គេច​ចេញ​ពី​របប​លោក ពូទីន ជុំវិញ​សង្រ្គាម​អ៊ុយក្រែនដូចគ្នា។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent និងប្រេងឆៅ WTI ទាំងពីរជួញដូរលើសពី ៨០ ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo.com
រូបភាព៖ cnbcfm, brightspotcdn, yimg