រយៈពេល៨ខែ កម្ពុជារកចំណូលបាន ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
សេដ្ឋកិច្ច September 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤ លានដុល្លារអាមេរិក ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូកើនឡើងស្មើនឹង ១០០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០៦២៩ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្នុងមួយតោនបានថយចុះចំនួន១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បន្ថែមពីនោះទៀត អគ្គនាយកកៅស៊ូ បានគូសបញ្ជាក់ផងដែរថា ផលិតផលបានកើនឡើងតែតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណូលបានថយចុះ៕

ប្រភព៖ ក្រសួងព័ត៌មាន