ប្រជាជនអាហ្រ្វិកខាងត្បូង នាំគ្នាដាក់ញត្តិមួយស្នើសុំត្បូងពេជ្រធំជាងគេលើលោករបស់ខ្លួនតម្លៃ ៤០០លានដុល្លារ បច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth ត្រលប់មកវិញ
សេដ្ឋកិច្ច September 20, 2022 Khmernote

ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II បានធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកសោកស្ដាយ ប៉ុន្តែនៅពីក្រោយអារម្មណ៍សោកស្ដាយរបស់មនុស្សជាច្រើន ស្រាប់តែប្រជាជននៅអាហ្រ្វិកខាងត្បូង បាននាំគ្នាស្នើសុំត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលរកឃើញនៅក្នុប្រទេសរបស់ខ្លួន ហើយបច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth II ត្រលប់មកវិញ។

យោងតាមសារព័ត៌មាន ​​CNN បានឱ្យដឹងថា មានមនុស្សជាង ៦,០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីស្នើសុំឱ្យត្បូងពេជ្រដ៏មានតម្លៃនេះត្រលប់មកអាហ្រ្វិកខាងត្បូងវិញ។ ជាមួយគ្នានេះដែរ ប្រជាជននាំគ្នាលើកឡើងពីការទាមទារឱ្យយកត្បូងពេជ្រដ៏អស្ចារ្យនេះមកវិញ បន្ទាប់ពីប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានផ្ញើសាររំលែកទុក្ខដល់សមាជិកទាំងអស់នៃគ្រួសាររាជវង្សនៅលើបណ្ដាញសង្គម Twitter។

គួរបញ្ជាក់ផងដែរថា ត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលប្រជាជនអាហ្រ្វិកកំពុងទាមទារមកវិញនេះ មានឈ្មោះថា Cullinan ត្រូវបានគេស្គាល់ថាជា “The Great Star of Africa” ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែឯកជនមួយនៅក្នុងខេត្ត Transvaal ចាស់របស់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩០៥។ ត្បូងនេះមានទម្ងន់ ៥៣០ការ៉ាត់ និងមានម្លៃប្រហែល ៤០០លានដុល្លារ។ យោងទៅតាម Royal Collection Trust ពេជ្រ Cullinan គឺជាអំណោយដែលស្តេច Edward VII ទទួលបានពីអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ១៩០៧ ក្នុងឱកាសចម្រើនព្រះជន្ម ៦៦ព្រះវស្សារបស់ទ្រង់៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ biography.com, history.com, capetowndiamondmuseum.org, pcdn.co