កម្ពុជា នឹងតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣
ទេសចរណ៍ September 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ យើងនឹងខិតខំធ្វើម្ដេចឲ្យមានការហោះហើរតភ្ជាប់ រវាងអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា, ប្រទេសបាគីស្ថាន) និងប្រទេសកម្ពុជា»។ លោកថា កម្ពុជាក៏ជំរុញឲ្យមានការតភ្ជាប់ផ្លូវចាស់ ដែលបានន័យថា ក្រុមហ៊ុនដែលធ្លាប់ហោះហើរជាមួយកម្ពុជា និងតភ្ជាប់ផ្លូវថ្មីពីមជ្ឈិមបូព៌ា ព្រមទាំងបានតភ្ជាប់ជើងហោះហើរចាស់ៗ និងថ្មីឡើងវិញរវាងប្រទេសចិនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន